
ដូចដែលលោកអ្នកបានដឹងខ្លះមកហើយថា លោក Mark Zuckerberg បានចាប់ផ្តើម Facebook នៅក្នុងបន្ទប់ស្នាក់នៅរបស់សាកលវិទ្យាល័យ Harvard និងកសាងប្រជាប្រិយភាពសម្រាប់បណ្តាញសង្គមមួយនេះយ៉ាងខ្លាំងក្លាមកដល់បច្ចុប្បន្ន។
ប៉ុន្តែមុនពេលលោកចូលរៀននៅមហាវិទ្យាល័យ ឪពុករបស់ Zuckerberg បានផ្តល់នូវជម្រើស ២យ៉ាងសម្រាប់ជីវិតវែងឆ្ងាយបន្តទៀតរបស់លោក ក្នុងនោះរួមមាន ការបើកហាងMcDonald’s ឬការសិក្សានៅសាកលវិទ្យាល័យ។ ទោះជាយ៉ាងនេះក្តី Zuckerberg បានជ្រើសរើសការបន្តសិក្សានៅសាកលវិទ្យាល័យ Harvard ហើយបន្ទាប់មកមិនយូរប៉ុន្មានក៏បានបោះបង់ចោលការសិក្សាដើម្បីពង្រីកក្រុមហ៊ុនហ្វេសប៊ុករបស់គាត់។
នៅពេលដែល Zuckerberg ចាប់ផ្តើមការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ 2002 គ្មាននរណាម្នាក់ចាប់អារម្មណ៍ជាមុនថាពេលវេលារបស់គាត់នៅ Harvard នឹងធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីនោះទេ។ យោងតាមរបាយការណ៍ឆ្នាំ 2016 ពី CNBC និង Franchise Business Review បានបង្ហាញថាប្រាក់ចំណេញជាមធ្យមនៃសិទ្ធិអាជីវកម្មអាហារ និងភេសជ្ជៈមានប្រមាណ $90,388 ក្នុងមួយឆ្នាំ ដែលតួលេខនេះមិនមែនជាកម្រិតចំណូលមួយដែលតិចប៉ុន្មាននោះទេបើធៀបនឹងប្រជាជនទូទៅ ប៉ុន្តែបើធៀបនឹងការជ្រើសរើសរបស់ Zuckerberg ក្នុងការបំពេញនូវអ្វីដែលខ្លួនស្រលាញ់ (កសាងហ្វេសប៊ុក) គឺពិតជាខុសគ្នាខ្លាំងណាស់។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Zuckerberg មានទ្រព្យសម្បត្តិសុទ្ធចំនួន $66.6 ពាន់លានដុល្លារ នេះបើយោងតាម Bloomberg’s Billionaires Index ដែលមានន័យថាលោកអាចរកបានជាង 4.7 ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់តាំងពីបានឈប់រៀននៅមហាវិទ្យាល័យក្នុងឆ្នាំ 2004។
តើអ្នកបានបង្កើត និងចាប់ផ្តើមកិច្ចការក្នុងក្តីសុបិនរបស់អ្នកហើយឬនៅ?
